ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ជម្រាបជូន• ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា• ប្រធានសមាគមធនាគារនៅកម្ពុជា យើងខ្ញុំបានអាន លិខិតចំហររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ និងបានជម្រាបជូនមកអង្គការ និងសហជីពយើងខ្ញុំ ទាំង៤ស្ថាប័ន ។ ជាជំហររួមយើងខ្ញុំ សូមបដិសេធសំណើរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងការកែប្រែទៅលើរបាយការណ៍ទាំង៣ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច នៅកម្ពុជា ។ ព័ត៌មាន និងរឿងរ៉ាវរបស់បុគ្គលនៅក្នុងរបាយការណ៍ដែលបានចុះផ្សាយទាំងនេះគឺនៅតែមានភាពច្បាស់លាស់ត្រឹមត្រូវដដែលដោយមិនអាចកែប្រែបាន ។ យើងខ្ញុំ នឹងបន្តការពារឯកជនភាពបុគ្គលដែលសម្រេចចិត្តចែករំលែករឿងរ៉ាវរបស់ពួកគាត់ជាមួយក្រុមអ្នកសិក្សាស្រាវជ្រាវយើងខ្ញុំ ក្នុងលក្ខខណ្ឌលាក់បាំងអត្តសញ្ញាណ ។ យើងខ្ញុំ សូមលើកទឹកចិត្ត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ឱ្យអានរបាយការណ៍ទាំងនេះ ឱ្យបានលម្អិត ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពី គោលបំណង វិធីសាស្ត្រ និងការរកឃើញផ្សេងៗនៅក្នុងរបាយការណ៍ ។ សិទ្ធិមនុស្សគឺជាសិទ្ធិមានពីកំណើតរបស់មនុស្សគ្រប់រូប ហើយរឿងរ៉ាវរបស់មនុស្សគឺជាមូលដ្ឋានគ្រឹះសំខាន់នៃការស្រាវជ្រាវបែបគុណភាព ។ ការងារមួយក្នុងចំណោមការងារផ្សេងទៀតរបស់យើងខ្ញុំគឺ ដើម្បីជួយបន្លឺសំឡេងរបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះពីការរំលោភសិទ្ធិមនុស្ស និងផ្សព្វផ្សាយរឿងរ៉ាវទាំងនោះឱ្យបានទូលំទូលាយ ក្នុងគោលបំណងដើម្បីឱ្យមានការកែប្រែជាវិជ្ជមាននៅក្នុងសង្គម និងដើម្បីការពារកុំឱ្យកើតមានការរំលោភបំពានផ្សេងៗ ។ យើងខ្ញុំ…