ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ នៅថ្ងៃគម្រប់ខួប ៤ ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងអ្នកការពារសិទ្ធិមនុស្សដែលមានកិត្តិនាមនេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន ៣០ ដែលមានរាយនាមខាងក្រោម សូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងមួយដើម្បីស៊ើបអង្កេតដោយប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន នៅក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលអូសបន្លាយពេលយូរទៅហើយ។ យើងខ្ញុំក៏ស្នើដល់អាជ្ញាធរសូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការយាយីទៅលើបុគ្គលនានាដែលគោរពវិញ្ញាណក្ខន្ធរបស់លោកដោយសន្តិវិធី។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈលោកកំពុងចូលរួមពិសារកាហ្វេក្នុងស្ថានីយប្រេងឥន្ធនៈមួយនៅកណ្តាលរាជធានីភ្នំពេញ។ ដោយពុំមានធ្វើការស៊ើបអង្កេតជាបន្ទាន់ ហ្មត់ចត់និងដោយឯករាជ្យ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ដែលបង្ហាញឈ្មោះខ្លួនឯងថា “ជួបសម្លាប់” និង “សារភាព” ថា ខ្លួនជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។ បន្ទាប់ពីការជំនុំជម្រះក្តីរយៈពេលកន្លះថ្ងៃនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ជាការជំនុំជម្រះដែលរងការរិះគន់យ៉ាងច្រើនដោយសារពុំស្របជាមួយបទដ្ឋានជំនុំជម្រះដោយយុត្តិធម៌អន្តរជាតិនោះ តុលាការបានរកឃើញថាលោក អឿត អាង មានពិរុទ្ធភាពពីបទឃាតកម្ម និងបានផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩…