ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ – យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់និងដោះលែងរូបលោក ពីការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់ ។ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបាននគរបាលចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ។ លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ដល់បទសម្ភាសន៍តាមវិទ្យុមួយនៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់ថា រូបលោកបានចែករំលែកព័ត៌មានមិនពិតតាមរយៈ សេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ កាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្ដោយព្រំដែន ។ លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពី “បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម”…