រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កម្មករ កម្មការិនី រោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំង ក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាកូវីដ១៩ ។ បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់ ។ នៅក្នុងរបាយការណ៍ “ការធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” ដែលជារបាយការណ៍សង្ខេបរួមគ្នាមួយ រវាងសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ (ភាគច្រើនជាស្ដ្រី) មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាពីផលលំបាកនៃការជាប់ជំពាក់បំណុលរបស់ពួកគាត់ ខណៈដែលរោងចក្ររាប់រយបានផ្អាកដំណើរការ ដោយសារការរីករាលជាសកលនៃវីរុសកូវីដ១៩នេះ ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កង្វះខាតនៃប្រាក់ឈ្នួលសមរម្យនៅក្នុងប្រទេសកម្ពុជា បានបង្ខំឱ្យកម្មករ កម្មការិនីទាំងនេះ ជំពាក់បំណុលច្រើនឡើងៗ ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពរស់នៅ…