ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ
នៅថ្ងៃគម្រប់ខួប ៤ ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងអ្នកការពារសិទ្ធិមនុស្សដែលមានកិត្តិនាមនេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន ៣០ ដែលមានរាយនាមខាងក្រោម សូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងមួយដើម្បីស៊ើបអង្កេតដោយប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន នៅក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលអូសបន្លាយពេលយូរទៅហើយ។ យើងខ្ញុំក៏ស្នើដល់អាជ្ញាធរសូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការយាយីទៅលើបុគ្គលនានាដែលគោរពវិញ្ញាណក្ខន្ធរបស់លោកដោយសន្តិវិធី។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈលោកកំពុងចូលរួមពិសារកាហ្វេក្នុងស្ថានីយប្រេងឥន្ធនៈមួយនៅកណ្តាលរាជធានីភ្នំពេញ។ ដោយពុំមានធ្វើការស៊ើបអង្កេតជាបន្ទាន់ ហ្មត់ចត់និងដោយឯករាជ្យ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ដែលបង្ហាញឈ្មោះខ្លួនឯងថា “ជួបសម្លាប់” និង “សារភាព” ថា ខ្លួនជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។ បន្ទាប់ពីការជំនុំជម្រះក្តីរយៈពេលកន្លះថ្ងៃនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ជាការជំនុំជម្រះដែលរងការរិះគន់យ៉ាងច្រើនដោយសារពុំស្របជាមួយបទដ្ឋានជំនុំជម្រះដោយយុត្តិធម៌អន្តរជាតិនោះ តុលាការបានរកឃើញថាលោក អឿត អាង មានពិរុទ្ធភាពពីបទឃាតកម្ម និងបានផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ តុលាការកំពូលបានតម្កល់សាលក្រមកាត់ទោសនេះ។
ចាប់តាំងពីឆ្នាំ២០១៦ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើនបានអំពាវនាវជាបន្តបន្ទាប់ឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេតជាបន្ទាន់ ដោយមិនលម្អៀង និងមានប្រសិទ្ធភាពនៅក្នុងករណីឃាតកម្មនោះ ដោយមានគូសបញ្ជាក់ទាក់ទងនឹងការពិនិត្យលើជនដែលមានចំណែកត្រូវទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌដទៃផ្សេងទៀតក្រៅពីជនដៃដល់ ស្របតាមបទដ្ឋានអន្តរជាតិដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ក.អ.ស.ព.ន)។ គោលការណ៍នៃអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ដោយប្រសិទ្ធភាពលើការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ដោយបំពាន និងដោយឆាប់រហ័ស ក៏ដូចជា ពិធីសារបន្ថែមរដ្ឋមីនីសូតាស្តីពីការស៊ើបអង្កេតលើការស្លាប់ក្រៅច្បាប់ បានគូសបញ្ចាក់យ៉ាងច្បាស់ដល់តួនាទីរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតការស្លាប់ក្រៅច្បាប់នានា ព្រមទាំងអោយបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យនៅពេលដែលរដ្ឋនានា ដូចជាប្រទេសកម្ពុជាជាដើម ដែលបញ្ហានីតិវិធីប្រកបដោយប្រសិទ្ធភាពក្នុងការស៊ើបអង្កេតអនុលោមតាមបទដ្ឋានអន្តរជាតិនៅមានកម្រិតនោះ។
រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលកម្ពុជាពុំបានចាត់វិធានការណាមួយក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតនោះទេ ដូចជាស្ថាប័នស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងជាដើមនោះ។ ដោយសារកង្វះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី និងកង្វះទំនុកចិត្តពីសំណាក់សង្គមស៊ីវិលលើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា គណៈកម្មការនោះគួរតែត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីសំណាក់អង្គការសហប្រជាជាតិនិងមានការចូលរួមពីអ្នកជំនាញឯករាជ្យ។
ការបន្តមានវិសមានចិត្តរបស់រដ្ឋាភិបាលចំពោះករណីរបស់លោកបណ្ឌិត កែម ឡី នេះ បង្កើននូវវិមតិសង្ស័យថាការធ្វើឃាតលោកនោះគឺជាការសងសឹក ដោយសារលោកបំពេញការងារជាអ្នកការពារសិទ្ធិមនុស្ស។ លោកបណ្ឌិត កែម ឡី បានធ្វើការវិភាគបញ្ហាទាក់ទងនឹងសង្គមនិងនយោបាយជារឿយៗ។ លោកត្រូវបានឃាតករសម្លាប់ បន្ទាប់ពីលោកបានផ្តល់សម្ភាសក្នុងកម្មវិធីវិទ្យុមួយអំពីរបាយការណ៍បែបស៊ើបអង្កេតទាក់ទងនឹងការក្តោបក្តាប់សេដ្ឋកិច្ចនៃខ្សែស្រឡាយអភិជន ដែលចេញផ្សាយដោយអង្គការអន្តរជាតិមួយឈ្មោះ ក្លូប៊ល វីតណេស ដែលបរិយាយ
ពិស្តារអំពីអំពើពុករលួយដ៏រីកសុះសាយនៅកម្ពុជា ដោយមានភ្ជាប់លោកនាយករដ្ឋមន្ត្រី ហើយនិងក្រុមគ្រួសាររបស់លោកផងដែរ។
រយៈពេលខ្លីបន្ទាប់ពីមរណៈភាពរូបលោក ភរិយារបស់លោក បណ្ឌិត កែមឡី ដែលនៅពេលនោះមានគភ៌ និងកូនប្រុសបួននាក់បានភៀសខ្លួនចេញពីប្រទេសកម្ពុជាដោយបារម្ភអំពីសុវត្ថិភាពដល់អាយុជីវិត។ ទីបំផុតប្រទេសអូស្ត្រាលីបានផ្តល់សិទ្ធិរស់នៅដល់ពួកគាត់បន្ទាប់ពីរងការគំរាមកំហែងជាច្រើនដល់ជីវិត ខណៈពួកគាត់រស់នៅដោយលាក់បាំងអស់រយៈពេលជាងមួយឆ្នាំនៅប្រទេសថៃ។
បន្ទាប់ពីឃាតកម្មលើលោកបណ្ឌិត កែម ឡី អាជ្ញាធរកម្ពុជា បានបន្តឃ្លាំមើល យាយី រារាំង ការរៀបចំពិធីរំឭកខួបនៃមរណៈភាពរបស់លោកទៀតផង។ ជាងនេះទៀត អាជ្ញាធរបានបង្ខិតបង្ខំអោយបុគ្គលនានាដែលពាក់អាវមានសម្រង់សម្តី ឬរូបភាពរបស់លោកបណ្ឌិត កែម ឡី ដោះចេញពីខ្លួន ឬបិទបាំងលើអាវនោះ។ ទង្វើទាំងនេះគឺជាការរឹតត្បិតដោយបំពានលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។ យើងខ្ញុំយល់ឃើញថាទង្វើទាំងនេះគឺជាការបំបិទសេរីភាពក្នុងការបញ្ចេញមតិ និងសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីនេះ។
នៅខែកក្កដា ឆ្នាំ២០១៩ រយៈពេល១ថ្ងៃនៅមុនថ្ងៃគម្រប់ខួប ៣ ឆ្នាំ នៃមរណៈភាពរបស់លោកបណ្ឌិត កែម ឡី អាជ្ញាធរបានចាប់ខ្លួនសកម្មជនយុវជន គង់ រ៉ៃយ៉ា ព្រមទាំងសមាជិកគ្រួសាររបស់លោកចំនួន៣នាក់ដោយសារការលក់អាវយឺតដែលមានរូបភាព និងសម្រង់សម្តីដ៏ល្បីល្បាញរបស់លោកបណ្ឌិតកែម ឡី ចំនួនពីរ គឺ « ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត» និង «បើទោះជាអ្នកមិនធ្វើអ្វីសោះ ក៏អ្នកគង់រងគ្រោះ គ្រាន់តែពុំទាន់ដល់វេនអ្នកប៉ុណ្ណោះ»។ តែយ៉ាងណាក្តី នគរបាលបានដោះលែងសមាជិកគ្រួសាររបស់លោកដោយពុំមានការចោទប្រកាន់នោះទេបន្ទាប់ពីពួកគេបានចុះហត្ថលេខា “សន្យា” ថាពួកគេនឹងបញ្ឈប់សកម្មភាពតវ៉ាបែបនេះទៀតនៅពេលអនាគត រីឯយុវជនរ៉ៃយ៉ា នៅបន្តជាប់ឃុំបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទញុះញង់ដែលមានហេតុផលនយោបាយអស់រយៈពេលជិតប្រាំខែ រហូតដល់ថ្ងៃអាជ្ញាធរដោះលែងលោកឱ្យនៅក្រៅឃុំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ គង់ រ៉ៃយ៉ា ដោយកំបាំងមុខពីបទ “ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ក្រោមមាត្រា ៨៨ មាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងកាត់ទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយទោសដែលនៅសល់របស់លោកត្រូវបានព្យួរដោយសារបានអនុវត្តទោសនៅពេលស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ លោក គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៨ ខែ ក្នុងឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ដែលពុំផ្អែកលើអង្គហេតុច្បាស់លាស់ទាក់ទងនឹងការបង្ហោះសារលើបណ្តាញហ្វេសប៊ុករិះគន់រដ្ឋាភិបាល។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរបានចាប់ខ្លួនសកម្មជននិស្សិតម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ដោយសារកាន់បដាមួយសរសេរថា “ បញ្ឈប់ការសម្លាប់ក្រៅច្បាប់” នៅក្បែរស្ថានីយប្រេងឥន្ធនៈទីដែលលោកបណ្ឌិត កែម ឡី ត្រូវឃាតករសម្លាប់។ អាជ្ញាធរបានចោទប្រកាន់យុវនិស្សិតរូបនោះពីបទញុះញង់ និងឃុំខ្លួនលោកជាបណ្តោះអាសន្ន ហើយលោកបន្តស្ថិតក្នុងការឃុំឃាំងរហូតដល់ថ្ងៃទទួលបានការដោះលែងឱ្យនៅក្រៅឃុំក្នុងខែវិច្ឆិកាឆ្នាំ២០១៩។ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដោយកំបាំងមុខពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងកាត់ទោសលោកដាក់ពន្ធនាគាររយៈពេល២ឆ្នាំ លោកពុំធ្លាប់ត្រូវបានចាប់ខ្លួនឡើងវិញនៅឡើយ។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរបានចាប់ខ្លួនយុវជនជាបងប្អូនភ្លោះពីរនាក់ ឈ្មោះ ជុំ ហួត និងជុំ ហួរ ដោយសារប៉ុនប៉ងយកបាច់ផ្កាទៅតម្កល់នៅស្ថានីយប្រេងឥន្ធនៈនោះដូចគ្នា។ អាជ្ញាធរបានដោះលែងយុវជនទាំងពីរនាក់នោះវិញនៅថ្ងៃដដែល។
នៅមុនថ្ងៃគម្រប់ខួប៤ឆ្នាំនៃមរណៈភាពរបស់លោកបណ្ឌិត កែម ឡី អាជ្ញាធរបានចាប់ផ្តើមមានវិធានការរឹតត្បិតដើម្បីទប់ស្កាត់ ការគោរពវិញ្ញាណក្ខន្ធរបស់លោកដោយសន្តិវិធី។ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នគរបាលបានរារាំងយុវជនមួយក្រុម ក្នុងនោះមានទាំងព្រះសង្ឃផងក្នុងការរៀបចំពិធីបង្សុកូលដើម្បីឧទ្ទិសកុសលជូនលោកបណ្ឌិតតាមទំនៀមទម្លាប់នៃព្រះពុទ្ធសាសនានៅស្ថានីយប្រេងឥន្ធនៈទីដែលលោកបណ្ឌិតត្រូវបានធ្វើឃាត ។ អាជ្ញាធរបានឃាត់ខ្លួនម្នាក់ក្នុងចំណោមអ្នកទាំងនោះដែលពាក់អាវយឺតដែលមានបង្ហាញមុខរបស់លោកបណ្ឌិត កែម ឡី ដើម្បីសាកសួរ។ អាជ្ញាធរបានដោះលែងគាត់វិញបន្ទាប់ពីបានចុះកិច្ចសន្យាលើលិខិតមួយច្បាប់។
ការងាររបស់លោកបណ្ឌិត កែម ឡី ហើយនិងជីវិតរបស់លោកជានិមិត្តរូបនៃការគោរពសិទ្ធិពលរដ្ឋ វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងសង្គម។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការចូលរួមដោយស្មើភាព និងដោយសេរីរបស់ប្រជាពលរដ្ឋក្នុងនយោបាយ ហើយជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការចងក្រងបណ្តាញ ការបញ្ចេញមតិ ការទទួលបានព័ត៌មាន និងការជួបប្រជុំជាសាធារណៈដោយសន្តិវិធី។ ការបន្តការយាយីរបស់រដ្ឋាភិបាលកម្ពុជាទៅលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនការងារ ព្រះសង្ឃ អ្នកសារព័ត៌មាន សមាជិកនៃគណបក្សជំទាស់ និងអ្នករិះគន់រដ្ឋាភិបាល ឆ្លុះបញ្ចាំងនូវវប្បធម៌និទណ្ឌភាពជាលក្ខណៈប្រព័ន្ធដែលការពារជនដែលមានចំណែកទទួលខុសត្រូវចំពោះការស្លាប់របស់លោកបណ្ឌិត កែម ឡី និងជាការបង្ក្រាបលើការបញ្ចេញមតិ ឬព័ត៌មានដែលរិះគន់លើ រដ្ឋាភិបាលទៅវិញ។
យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន ៣០ដែលមានរាយនាមខាងក្រោម នឹងនៅតែបន្តការអំពាវនាវអោយមានការស៊ើបអង្កេតដោយឯករាជ្យ ឥតលម្អៀង មានប្រសិទ្ធភាព និងហ្មត់ចត់ក្នុងករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី រហូតទាល់តែជនទាំងឡាយដែលមានចំណែកទទួលខុសត្រូវចំពោះឃាតកម្មលើលោកត្រូវបាននាំខ្លួនមកផ្តន្ទាទោស ។
អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ មានរាយនាមដូចខាងក្រោមៈ
1- អង្គការលើកលែងទោសអន្តរជាតិ
2- អង្គការមាត្រា១៩
3- អាស៊ាន សមាជិកសភាដើម្បីសិទ្ធិមនុស្ស
4- បណ្តាញប្រជាធិបតេយ្យអាស៊ី
5- វេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្សនិងការអភិវឌ្ឍន៍
6- បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី
7- សម្ព័ន្ធសហជីពកម្ពុជា
8- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
9- សហព័ន្ធសហជីពកម្មករចំណីអារហារនិងសេវាកម្មកម្ពុជា
10- សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា
11- វិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ
12- សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស
13- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស
14- សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ
15- អ្នកការពារសិទ្ធិស៊ីវិល
16- សម្ព័ន្ធសហគមន៍កសិករកម្ពុជា
17- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា
18- អង្គការ សមធម៌កម្ពុជា
19- អង្គការឃ្លាំមើលសិទ្ធិមនុស្ស
20- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
21- គណៈកម្មការអ្នកច្បាប់អន្តរជាតិ(ICJ)
22- សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស
23- ការផ្លាស់ប្តូរសេរីភាពបញ្ចេញមតិអន្តរជាតិ
24- Lawyers’ Rights Watch Canada (LRWC)
25- មាតាធម្មជាតិកម្ពុជា
26- Not1More (N1M)
27- មជ្ឈមណ្ឌលប្រជាជនដើម្បីការអភិវឌ្ឍនិងសន្តិភាព
28- អង្គការតម្លាភាពអន្តរជាតិកម្ពុជា
29- អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម
30- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន